របៀប សរសេរពាក្យសុំចូលធ្វើការ


បើនិយាយពីការងារ និងអាជីព ប្រវត្តិរូបសង្ខេប (CV) និង លិខិតចំណាប់អារម្មណ៍ (Cover Letter) ដើរតួជាស្ពានដ៏សំខាន់ ដែលផ្សារភ្ជាប់ អ្នកស្វែងរកការងារ និងអ្នកផ្តល់ការងារ។ វាគ្រាន់តែជាក្រដាស ប៉ុន្មានសន្លឹក ប៉ុន្តែ វាជាក្រដាសដែលឆ្លុះបញ្ចាំងពីខ្លួនអ្នក និងណែនាំអ្នកឲ្យ ទៅដល់អ្នកដទៃ ដែលមិនធ្លាប់ស្គាល់អ្នកពីមុនមក។

ដោយសារតែសារៈសំខាន់របស់វានេះហើយ អ្នកផ្តល់ការងារតែងឲ្យតម្លៃខ្ពស់ដល់ការសរសេរទម្រង់ពាក្យសុំការងារ (ប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍)។ ដូច្នេះថ្ងៃនេះ ក្លាហាន9 សូមលើកយកចំណុចសំខាន់ៗមួយចំនួនដែលគួរដឹង និងអនុវត្ត ដើម្បីពង្រឹងគុណភាពរបស់ទម្រង់ពាក្យសុំការងារ។

ត្រូវយល់ថាឥឡូវនេះ ប្រវត្តិរូបសង្ខេប និង លិខិតចំណាប់អារម្មណ៍ត្រូវសរសេរជាភាសាអង់គ្លេស

ហេតុអ្វីបានជា ត្រូវសរសេរប្រវត្តិរូប និងលិខិតចំណាប់អារម្មណ៍ជាភាសាអង់គ្លេស? ទាក់ទិននឹងរឿងនេះ លោក ស្រេម ណារ៉ែន អ្នកសម្របសម្រួលជ្រើសរើសបុគ្គលិកមកពីក្រុមហ៊ុន HRInc. Cambodia បានពន្យល់ថា នេះមកពីយើងទទួលឥទ្ធិពលពីខាងក្រៅ ពោលគឺពួកយើងកំពុងធ្វើការ និងរស់នៅក្នុងសម័យ សកលភាវូបនីយកម្ម។ លោកបានពន្យល់ទៀតថា ការទំនាក់ទំនងអន្តរជាតិតែងធ្វើឡើងជាភាសាអង់គ្លេស ហើយមានក្រុមហ៊ុនជាច្រើនដែលមាន មេជាជនជាតិបរទេស ហើយមួយវិញទៀតគឺឯកសារ និងរបាយការណ៍ បើសរសេរជាខ្មែរ វាមិនទាន់គ្រប់គ្រាន់ទេ ព្រោះបើសរសេរជាភាសាអង់គ្លេស គេអាចមើលដឹងពីសមត្ថភាពរបស់បេក្ខជន។ សំខាន់ផងដែរ បុគ្គលិកជំនាញ (skilled worker) រមែងត្រូវចេះប្រើប្រាស់ភាសាបរទេសអង់គ្លេស ដែលខុសពីបុគ្គលិកដែលមិនមានជំនាញ (Unskilled workers) នេះបើតាមការយល់ឃើញរបស់លោក។

សរសេរពាក្យសុំចូលធ្វើការ

 ចំពោះចំនុចនេះ អ្នករស់នៅទីក្រុងភ្នំពេញ ប្រហែលជាបានដឹងច្រើន ប៉ុន្តែចំពោះអ្នកដែលមិនធ្លាប់ចូលធ្វើការនិងរស់នៅតាមខេត្ត គួររៀបចំខ្លួនចំពោះចំណុចនេះ។

ស្វែងយល់ពីអ្វីដែលគេចង់បាន ហើយបង្ហាញពីខ្លួនអ្នកឲ្យត្រូវតាមគេចង់បាន

លោក ទេព លីវីណា នាយកសាលាអង់គ្លេសអ៊ែតនិច សង្កត់ធ្ងន់ត្រង់ថា តើនរណានឹងអាន និងអ្វីដែលគេចង់ឃើញ ជារឿងដែលត្រូវធ្វើ មុននឹងចាប់ ផ្តើមសរសេរ ប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍។ គាត់បានពន្យល់ថា  យោងតាមបទពិសោធន៍ កន្លងមកក្នុងការរើសបុគ្គលចូលធ្វើការនៅសាលាគាត់ ថាមានអ្នកដាក់ពាក្យពីរប្រភេទ គឺមួយប្រភេទសរសេរដោយយល់ថា ការងារនេះគេត្រូវការមនុស្សបែបណា ហើយគាត់មានអ្វីដែលត្រូវនឹងការងារ ហើយមួយប្រភេទទៀត សរសេរដោយមិនបានមើលឲ្យបានច្បាស់ថា ការងារប្រភេទនោះគេត្រូវការមនុស្សបែបណា គឺមានអ្វី ដាក់មកទាំងអស់។ លោក បានណែនាំថា អ្នកដាក់ពាក្យ គួរធ្វើតាមក្រុមប្រភេទទីមួយ គឺក្រុមដែលយល់ថា ការងារចង់បានអ្វី និងបង្ហាញនូវអ្វីដែលពាក់ព័ន្ធតែប៉ុណ្ណោះ។

ហាម ចម្លងពីគេ និង សរសេរហើយត្រូវកែ

ចំណុចសំខាន់ដែលគួរដឹង និងគួរជៀសវាងនោះ មានដូចជាការចម្លងគ្នា សរសេរហើយអត់កែ និងសរសេរដោយអត់យល់ពីអ្វីដែលគេចង់បាន នេះបើតាមការលើកឡើងរបស់ លោក ស្រេម ណារ៉ែន និង លោក ទេព លីវីណា។ ក្នុងនោះការចម្លងគ្នាទៅវិញទៅមក តែងកើតមានឡើង ជាពិសេសចំពោះក្រុមនិស្សិតដែលទើបតែរៀនចប់ នេះបើតាមការឲ្យដឹងរបស់ លោក ស្រេម ណារ៉ែន។ លោកបានបន្តថា មានពេលខ្លះ ពួកគាត់ បានយករបស់មិត្តភត្តិមកដូរ ឈ្មោះចេញហើយដាក់ឈ្មោះខ្លួនឯង។ លោកបានពន្យល់មក ក្លាហាន9ថា ទោះជាគ្មាន ឬមានបទពិសោធន៍ប៉ុនណាក៏មិនគួរ ចម្លងពីគេដែរ ហើយបើចង់ យើងអាច អានពីគេ ឬរៀនពីរបៀបនៃការសរសេររបស់អ្នកផ្សេង ហើយ      សរសេរដោយខ្លួនឯង ទាំងអស់ ទើបជាការប្រសើរ។

សរសេរឲ្យតែរួចពីដៃ ក៏ជាអ្វីដែលត្រូវជៀសវាង។ លោក លីវីណា បានពន្យល់ថា នៅក្នុងដំណាក់កាល ជ្រើសរើសបុគ្គល គេតែងមើលពីរបៀបរបបនៃការសរសេររបស់យើង ព្រោះការសរសេរតែងឆ្លុះបញ្ចាំងពីអ្នក  សរសេរ។ បើសិនជាមានកំហុស វេយ្យាករណ៍ និងសរសេរខុសពាក្យច្រើននោះ អ្នកអាននឹងមិនចង់រើសយកយើងទៅជុំបន្ទាប់ទេ។ មួយវិញទៀតគឺ ការប្រើប្រាស់ប្រយោគ និងកាល(Tense)។ លោកគ្រូ លីវីណាបានបន្តថា ក្នុងការសរសេររបៀបនេះ ប្រយោគធម្មតា (simple sentence)គួរប្រើឲ្យបានច្រើនព្រោះវាងាយយល់សម្រាប់អ្នកអាន ហើយពេលបង្ហាញពីរឿងដែលបានកើតឡើងក្នុងអតីតកាល គួរចាំថា ត្រូវពន្យល់ក្នុងទម្រង់អតីតកាល (past tense)។

ខ្វះបទពិសោធន៍មិនមែនជាបញ្ហា

ពេលខ្លះ អ្នកសរសេរតែងតែភ័យ ដោយគិតថាខ្លួនខ្វះលក្ខខណ្ឌមួយចំនួនជាពិសេសបទពិសោធន៍ការងារ ប៉ុន្តែ មានប៉ុនណាក៏ដោយ ឲ្យតែ យល់ច្បាស់ថាការងារចង់បានអ្វី គឺជាការចាប់ផ្តើមដ៏ល្អហើយ នេះជាការលើកឡើងដួចគ្នារបស់ លោក ស្រេម ណារ៉ែន និង លោក ទេព លីវីណា។

«មិនមែនក្រុមហ៊ុនទាំងអស់សុទ្ធតែត្រូវការអ្នកដែលមានបទពិសោធន៍ទេ» នេះបើតាមការអះអាង របស់លោក លីវីណា។ លោកបានពន្យល់មក ក្លាហាន9 ថា ក្រុមហ៊ុន ខ្លះដែលមានរបៀបរបបធ្វើការខុសពីក្រុមហ៊ុនដទៃទៀត តែងចង់បានមនុស្សក្មេង និងនិស្សិតដែលទើបបញ្ចប់ការសិក្សា

លោក ស្រេម ណារ៉ែនក៏បានលើកឡើងថា មានបទពិសោធន៍ច្រើនល្អ ប៉ុន្តែក្នុងនោះ បើយើងឧស្សាហ៍ផ្លាស់ប្តូរ ការងារ យើងគួរមានមូលហេតុដើម្បីត្រៀមពន្យល់ ពីការដែលយើងនៅកន្លែងមួយៗមិនបានយូរ។ ពេលដែល យើងឧស្សាហ៍ផ្លាស់ប្តូរការងារ អាច ធ្វើឲ្យអ្នកផ្តល់ការងារបារម្ភថា យើងមិនសូវប្រាកដប្រជា ជាមួយនឹងការងារ ហើយពិបាករៀបចំទុកដាក់។ លោកបានផ្តល់យោបល់ថា គួរនៅជាមួយក្រុមហ៊ុនមួយយ៉ាងតិចក៏ពីរឆ្នាំដែរ មុននឹងសម្រេចចិត្តផ្លាស់ប្តូរការងារ ឬក្រុមហ៊ុន។

លម្អិតច្បាស់លាស់ និងបង្ហាញពីខ្លួនយើង

ចំពោះការសរសេរ ប្រវតិ្តរូបសង្ខេប លោក ស្រេម ណារ៉ែន បានពន្យល់មក ក្លាហាន9 ថាអ្នកសរសេរត្រូវបង្ហាញពីកន្លែងការងារដែលខ្លួនធ្លាប់ធ្វើ ថ្ងៃខែឆ្នំាចាប់ផ្តើមនិងបញ្ចប់ ព្រមទាំងបង្ហាញពីតួនាទីសំខាន់ៗដែលខ្លួនធ្លាប់ធ្វើកាលនៅកន្លែងចាស់ទាំងឡាយ។ លោកបានបន្តថា អ្នកអាន គេចង់ដឹងណាស់ថា យើងធ្លាប់ធ្វើអ្វីខ្លះ នៅកន្លែងណា និងយូរប៉ុនណា ដើម្បីដឹងថា យើងពិតជាចេះនូវអ្វីដែលយើងបានសរសេរនៅក្នុងប្រវត្តិរូបនិងលិខិតចំណាប់អារម្មណ៍ មែន ឬអត់។

លោកបានបញ្ជាក់ថា អ្វីដែលគួរដាក់ក្នុងប្រវត្តិរូបសង្ខេប រួមមាន ប្រវត្តិនៃការសិក្សា ប្រវត្តិការងារ ប្រវត្តិចូលរួមវគ្គបណ្តុះបណ្តាល កម្រិតភាសាបរទេស ទីលំនៅបច្ចុប្បន្ន សមិទិ្ធផលការងារកន្លែងមកនិងអ្នកផ្តល់អំណះអំណាង។

ចំពោះ លិខិតចំណាប់អារម្មណ៍ ក៏ដូចគ្នាដែរ យើងគួរចាប់ផ្តើមដោយប្រាប់ថា យើងដឹងពីការងារនេះ ពីណាមក។ បន្ទាប់មកទៀត យើងត្រូវសរសេបង្ហាញអ្វីដែល នឹងការងារនោះ។ សរសេរឲ្យទាក់ទង គឺ មួយអាចបង្ហាញពី ប្រវតិ្តនៃការសិក្សា និងបទពិសោធន៍  ។ លោក ណារ៉ែន បានពន្យល់ថា «ឧទាហរណ៍ គេត្រូវការ ផ្នែកគណនេយ្យ យើងរៀនផ្នែកគណនេយ្យ អញ្ចឹងវាត្រូវគ្នាមួយហើយ។ ទីពីរ គឺបទពិសោធន៍។ គេត្រូវការអ្នកដែលមានបទពិសោធន៍ផ្នែកនេះ យើងត្រូវមើលថា យើងធ្លាប់ធ្វើខាងផ្នែកនេះដែរឬទេ បើមាន សរសេរដាក់ទៅ»។

ប៉ុន្តែ បើសិនជា បេក្ខជន ឬបេក្ខនារី មិនមាន បទពិសោធន៍គ្រប់គ្រាន់ តើគួរសរសេរឲ្យលម្អិតរបៀបណាទៅ? ក្នុងការសរសេរ លិខិតចំណាប់អារម្មណ៍ លោក លីវីណា បានពន្យល់ថា ចេះប៉ុនណា សរសរប៉ុនហ្នឹងទៅ ប៉ុន្តែកុំសរសេរឲ្យខុស។ លើសពីនេះទៅទៀត បើខ្វះបទពិសោធន៍ការងារ លោកបានផ្តល់ជាយោបល់ថា ផ្ទុយពីបង្ហាញពីអ្វីដែលយើងមាន យើងអាចបង្ហាញពីអ្វីដែលយើងនឹងធ្វើ បើសិនយើងទទួលការងារនោះ។ លោកបានប្រាប់ថា ពេលខ្លះ ក្រៅពីចង់ឃើញពីដែលយើងមាន គេចង់ឃើញថា តើយើងនឹងធ្វើអ្វី ដើម្បីជួយដល់ក្រុមហ៊ុនរបស់គេ។

Comments 0

Your email address will not be published. Required fields are marked *

របៀប សរសេរពាក្យសុំចូលធ្វើការ

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

ទទួលបានចំណេះដឹងថ្មីៗ

បញ្ចូលអ៊ីម៉ែល ក្នុងប្រប់ខាងក្រោម រួចចុចយល់ព្រម!
ត្រូវប៉ាន់ សូមអរគុណ!
សំណួរ-ចម្លើយ-សម្រាប់សម្ភាសន៍ការងារ
យល់ព្រម
Grow Your Business  ADs Here!
ផ្សព្សាយពាណិជ្ជកម្មនៅទីនេះ!
TrovPan.Com has THOUSAND+ Visitors/Month
ត្រូវប៉ាន់ មានអ្នកចូលទស្សនារ៉ាប់ពាន់នាក់ក្នុងមួយខែៗ
Advertising:  088 6000 321 /  trovpan@gmail.com
Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme