របៀប ទិញផ្ទះបានថោក


ភាពរីករាយនៅក្នុងគ្រួសារ រមែងកើតចេញពីការចេះស្រឡាញ់ និងមើលថែរក្សាគ្នាគ្រប់ពេលវេលា ជាមួយនឹងការរស់នៅ ក្នុងជម្រកមួយដ៏សែនកក់ក្ដៅ។ មានមនុស្សជាច្រើន តែងតែប្រាថ្នាចង់បាននូវផ្ទះមួយផ្ទាល់ខ្លួន សម្រាប់រស់នៅជាមួយមនុស្សជាទីស្រឡាញ់ តែពួកគេ មិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។ ដោយឡែកក៏មានមនុស្សមួយចំនួនទៀត មានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញផ្ទះ ប៉ុន្ដែ ពួកគេបានបន្ដស្នាក់នៅដោយការជួលផ្ទះល្វែង អាផាតមិន ឬខុនដូជាដើម ព្រោះពួកគេនៅ មានភាពស្រពិចស្រពិលនៅក្នុងការសម្រេចចិត្ត ដើម្បីទិញដោយពួកគេតែងគិតថា វាមិនទាន់ជាពេលវេលាល្អ សម្រាប់ពួកគេនៅឡើយ។ ខាងក្រោមនេះ ជាចំណុចគួរយល់ដឹងថា តើពួកគេគួរទិញផ្ទះនៅពេលណា

នៅពេលដែលអ្នកមានចំណូលទៀងទាត់ ឬមានស្ថេរភាពការងារ

ដោយសារវិស័យអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការស្ទុះងើបឡើងគួរឲ្យកត់សម្គាល់ ហេតុនេះបានធ្វើឲ្យតម្លៃផ្ទះនៅទីក្រុងក៏មានការកើនឡើងខ្ពស់ផងដែរ ខណៈដែលមានប្រជាជនមួយចំនួនមិនទាន់មានលទ្ធភាពអាចដើរទាន់ហាងឆេងទីផ្សារបច្ចុប្បន្ននៅឡើយក៏ដោយ។ ក៏ប៉ុន្តែមានមធ្យោបាយមួយដែលអាចឲ្យពួកគេមានលទ្ធភាពអាចក្លាយជាម្ចាស់កម្មសិទ្ធិនៃផ្ទះនោះបាន ដោយពួកគេអាចទិញផ្ទះតាមរយៈសេវាកម្មបង់រំលស់របស់ធនាគារ ឬក្រុមហ៊ុនមួយចំនួន។ ទោះជាយ៉ាងណា មធ្យោបាយមួយនេះវាសមស្របទៅនឹងបុគ្គល ដែលមានប្រាក់ចំណូលសមរម្យ និងទៀងទាត់ ឬមានស្ថេរភាពការងារពេញលេញតែប៉ុណ្ណោះ ទើបអាចមានលទ្ធភាពប្រើប្រាស់សេវាកម្មនេះបាន។ ប្រសិនបើអ្នកមានអ្វីដូចចំណុច ខាងលើនេះ វាគឺជាឱកាសល្អសម្រាប់អ្នកក្នុងការទិញផ្ទះដោយបង់រំលស់។ ប៉ុន្តែ អ្នកមិនតូ្រវព្យាយាមទិញក្នុងតម្លៃខ្ពស់ពេកនោះទេ ព្រោះវាអាចនឹងជះឥទ្ធិពលដល់គ្រួសារអ្នកនៅពេលដែលអ្នកជួបគ្រោះអាសន្ន ដោយយថាហេតុខណៈដែល ការបង់រំលស់មិនទាន់ចប់សព្វគ្រប់នៅឡើយ។

ទិញស្របពេលម្ចាស់ផ្ទះចង់លក់

បើតាមប្រសាសន៍របស់នាយកក្រុមហ៊ុន អចលនទ្រព្យមួយនៅរាជធានីភ្នំពេញ បានឲ្យដឹងថា ការទិញផ្ទះចែកចេញជា ២ ប្រភេទ គឺការទិញសម្រាប់ស្នាក់នៅជាអចិន្រ្តៃយ៍ សម្រាប់ក្រុមគ្រួសារ និងការទិញដើម្បីលក់ ឬជួលបន្តយកផលចំណេញ។ ចំពោះការទិញបែបស្នាក់នៅជាអចិន្រ្តែយ៍ អ្នកទិញគួរសិក្សាឲ្យបានម៉ត់ចត់ពីគុណភាពសំណង់អគារ និងទីតាំងឲ្យសមស្រប ទៅតាមលក្ខខណ្ឌរបស់គ្រួសារ។ រីឯការទិញដោយយកផលចំណេញពីការលក់ ឬជួលវិញ ចាំបាច់បំផុតត្រូវសិក្សាពីទីតាំង និងតម្លៃ។ នាយកក្រុមហ៊ុនរូបនោះបានបន្តទៀតថា ជាទូទៅគេអាចទិញផ្ទះក្នុងតម្លៃថោកសមរម្យ នៅពេលដែលម្ចាស់ផ្ទះចង់លក់បន្ទាន់ ដោយសារមូលហេតុត្រូវចាកចេញ ទៅរស់នៅតំបន់ផ្សេង ឬមានធុរៈប្រញាប់ជាដើម។ មួយវិញទៀត អ្នកអាចទិញផ្ទះ ពីក្រុមហ៊ុនសាងសង់បុរីនានា ក្នុងតម្លៃថោកសមរម្យ និងអាចជ្រើសរើសទីតាំងបានល្អខណៈដែលអ្នកជាអ្នកទិញដំបូង ក្នុងពេលដែលពួកគេកំពុងបុកគ្រឹះ ឬកំពុងដំណើរការសាងសង់ ព្រោះនោះជាពេលដែលក្រុមហ៊ុនចង់លក់បំផុត។

ពិនិត្យលើរដូវកាលក្នុងការទិញផ្ទះ

ទូទៅរាល់អចលទ្រព្យទាំងអស់រមែងមានការធ្លាក់ថ្លៃ នៅពេលរដូវភ្លៀងចូលមកដល់ ខុសពីរដូវប្រាំងដែលគ្មានភ្លៀង ជាហេតុធ្វើឲ្យមានតម្លៃខ្ពស់។ ប៉ុន្តែការធ្លាក់ចុះនៃតម្លៃនេះ វាមិនមែនធ្លាក់ច្រើនខ្លាំងនោះទេ វាគ្រាន់តែមានតម្លៃទាបជាងមុនបន្តិចបន្តួចប្រមាណជា ១០ ទៅ ១៥ ភាគរយតែប៉ុណ្ណោះ ព្រោះរដូវភ្លៀងពុំសូវមានវិនិយោគិនច្រើន  ស្វែងរកទិញអចលនទ្រព្យនោះទេ ព្រោះវាលំបាកក្នុងការធ្វើដំណើរ នេះបើយោងតាមការឲ្យដឹង ពីនាយកក្រុមហ៊ុនខាងលើ។

អនុសាសន៍

ជារួមយោងតាមមតិ របស់នាយកក្រុមហ៊ុនខាងលើ បានឲ្យដឹងថាការទិញលក់អចលនទ្រព្យ វាមានភាពខុសគ្នាស្រឡះពីការទិញលក់ទំនិញ ឬរបស់ទ្រព្យផ្សេងៗដូចជា យានជំនិះ ឬសម្ភារៈមួយចំនួនទៀត។ ព្រោះតម្លៃអចលនទ្រព្យ  មិននៅទ្រឹងនោះឡើយ វានឹងបន្តផ្តល់ផលចំណេញ ដល់ម្ចាស់អចលនទ្រព្យជានិច្ចស្របពេលដែលស្ថានភាពទីផ្សារ នៅតែមានភាពល្អប្រសើរ។ យ៉ាងណាមិញ ការទិញផ្ទះ ជួនកាលគឺមិនសូវទាមទារពេលវេលានោះទេ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវសម្លឹងមើលពីលទ្ធភាព និងចំណូលដែលខ្លួនមានគួបផ្សំនឹងភាពឆ្លាតវៃក្នុងការជ្រើសរើសទីតាំងបានល្អ។ បន្ថែមពីនេះទៀត ការទិញផ្ទះក៏មិនត្រូវទាល់តែមានគ្រួសារ ទើបជាពេលល្អសម្រាប់ទិញផ្ទះនោះដែរ តែវាអាស្រ័យទៅលើលទ្ធភាព និងសមត្ថភាពរបស់បុគ្គលក្នុងវិស័យអចលនទ្រព្យ តួយ៉ាងពួកគេអាចទិញផ្ទះដើម្បីបង្កើនចំណូល ពីការជួលបន្តក៏បាន។ ឧទារហណ៍៖ អ្នកបានទិញផ្ទះមួយដោយធ្វើការបង់រំលស់តាមសេវាធនាគារ ដោយតម្រូវឲ្យបង់ ៣០០ដុល្លារក្នុងមួយខែ ប៉ុន្តែអ្នកអាចរកចំណូលពីការជួលផ្ទះនោះ បានរហូតដល់ ៤០០ដុល្លារក្នុងមួយខែ លុះប៉ុន្មានឆ្នាំក្រោយ បន្ទាប់ពីការបង់រំលស់ចប់សព្វគ្រប់ហើយនោះ អ្នកនឹងចំណេញបានផ្ទះមួយ ក្រៅពីទទួលបានកម្រៃចំណេញ ១០០ដុល្លារក្នុងមួយខែទៀតផង៕

Comments 0

Your email address will not be published. Required fields are marked *

របៀប ទិញផ្ទះបានថោក

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme