សំណួរ និងរបៀបឆ្លើយ សម្រាប់សម្ភាសន៍ការងារ! អ្នកត្រូវតែដឹង!


ត្រូវប៉ាន់ សូមផ្ដល់ឱ្យអ្នកនូវវិធីងាយស្រួល និងរហ័ស ដើម្បីចាប់ផ្តើមរៀបចំ សម្រាប់ការសំភាសន៍ ការងាររបស់អ្នក។ វាពិតជាចាំបាច់ណាស់ ដែលអ្នកត្រូវតែចាប់ផ្តើមរៀនពីរបៀបឆ្លើយ លើសំណួរ ដែលគេនឹងត្រូវសួរ នៅពេលសំភាសន៍ការងារនានា។

សំណួរ-ចម្លើយ-សម្រាប់សម្ភាសន៍ការងារ

ក្នុងអត្ថបទនេះ លោកអ្នក នឹងបានសិក្សាស្វែងយល់បន្ថែម អំពីអ្វីដែលគួរធ្វើ ឬឆ្លើយ និងអ្វីដែលមិនគួរធ្វើ ឬឆ្លើយ នៅពេលសម្ភាសន៍។

ចូរប្រាប់យើងអំពីអ្នក.? (Tell us about yourself)

នេះជាសំណួរបើក ដែលគេសួរមុនសំណួរណាៗទាំងអស់។ វាជាសំណួរ ដែលគេតែងតែសួរ នៅក្នុងបទសំភាសន៍ការងារទូទៅ។ ដូច្នេះហើយទើបអ្នកត្រូវរៀន និងហាត់ឆ្លើយឲ្យបានត្រឹមត្រូវ មុនពេលអ្នកទៅសម្ភាសន៍។

             របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • អ្នកត្រូវឆ្លើយដោយសង្ខេប និងចំគោលដៅ មានន័យថា អ្នកត្រូវរៀបរាប់ប្រាប់អ្នកសម្ភាសន៍ អំពី ការងារដែលអ្នកកំពុងធ្វើនាពេលបច្ចុប្បន្ន (បើមាន), បទពិសោធន៍ការងារកន្លងមក, ប្រវត្តិនៃការសិក្សា ឬវគ្គបណ្តុះបណ្តាលនានា, លទ្ធិផលការងារ ឬរង្វាន់ និងលិខិតលើកទឹកចិត្តនានា ដែលអ្នកទទួលបាន ពីការងារកន្លងមក។
 • ធ្វើការស្រាវជ្រាវព័ត៌មាន អំពីក្រុមហ៊ុន ឬស្ថាប័នដែលអ្នកនឹងទៅសម្ភាសន៍ ថាតើក្រុមហ៊ុន ឬស្ថាប័ននោះ គេធ្វើអ្វីខ្លះ មានលក់ផលិតផល ឬផ្តល់សេវាកម្មអ្វីខ្លះ និងមានចក្ខុវិស័យ និងបេសកម្ម ដូចម្តេច? ព័ត៌មានទាំងនេះ អ្នកអាចស្វែងរកបានតាម គេហទំព័រ (Website) របស់ស្ថាប័ននោះ បានដោយងាយ។

           អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖

 • កុំប្រាប់អំពីរឿងជីវិតផ្ទាល់ខ្លួនរបស់អ្នក ដល់អ្នកសម្ភាសន៍ឲ្យសោះ ព្រោះគេមិនចង់ដឹង រឿងទាំងនោះឡើយ។ ឧទាហរណ៍៖ អ្នកបានធំធាត់ឡើងនៅ ខេត្ត ឬក្រុង…មានបងប្អូន ….នាក់។
 • កុំប្រាប់អំពីបទពិសោធន៍ ជីវិតណា ដែលមិនជាប់ពាក់ព័ន្ធនឹងការងារ ឬមុខតំណែង ដែលអ្នកកំពុងសម្ភាសន៍ឲ្យសោះ។

២. ហេតុអ្វីបានជាយើងគួរជួលអ្នក? (Why should we hire you?)

នេះជាសំណួរដ៏ពេញនិយមផងដែរ ដែលអ្នកសម្ភាសន៍បាននឹងកំពុងប្រើប្រាស់ ក្នុងការសម្ភាសន៍ ជ្រើសរើសបុគ្គលិក។ វាអាចផ្តល់ឱ្យអ្នកនូវឱកាសល្អ ក្នុងសន្សំពិន្ទុនៅក្នុងបទសម្ភាសន៍ បើអ្នកដឹងអំពី  របៀបឆ្លើយបានត្រឹមត្រូវនោះ ព្រោះម្ចាស់ក្រុមហ៊ុន ឬស្ថាប័ននានា គេត្រូវការតែបុគ្គលិកណា ដែលអាចជួយក្រុមហ៊ុនគេ ឲ្យសម្រេចបានប្រាក់ចំណេញច្រើន។

            របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • អ្នកត្រូវបង្ហាញអ្នកសម្ភាសន៍ថា អ្នកជាបុគ្គលតែម្នាក់គត់ ដែលសមនឹងមុខដំណែង ឬការងារហ្នឹង។
 • អ្នកជាបេក្ខជន ដែលនឹងជួយដោះស្រាយ “បញ្ហា” របស់ពួកគេបាន។
 • អ្នកត្រូវបង្ហាញថា អ្នកបានដឹងព័ត៌មានលម្អិតមួយចំនួន អំពី ក្រុមហ៊ុន និងការអនុវត្តន៍ការងារទូទៅ ដែលក្រុមហ៊ុនបាននឹងកំពុងអនុវត្ត ព្រោះអ្នកបានស្រាវជ្រាវ ព័ត៌មានអំពីក្រុមហ៊ុនរួចរាល់ហើយ។
 • អ្នកត្រូវប្រាប់អ្នកសម្ភាសន៍ អំពី “រឿង ឬកិច្ចការដែលអ្នកធ្វើបានជោគជ័យ” ដែលនេះ វាបង្ហាញអំពីថាអ្នកមាន “លក្ខណៈសម្បត្ដិគ្រប់គ្រាន់” ដែលគេតម្រូវការ។

          អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖

 • អ្នកមិនត្រូវបាក់ទឹកចិត្ដទេ ប្រសិនបើអ្នកសម្ភាសន៍ លើកឡើងថា: «ពួកគេមានបេក្ខជនយ៉ាឆ្នើម ឬខ្លាំងៗជាច្រើននាក់ ផងដែរ … “មុនពេលដែល ពួកគេសួរសំណួរនេះ។
 • (វាជារឿងធម្មតាមួយ ដែលអ្នកសម្ភាសន៍ អាចនឹងលើកឡើង មុនពេលចាប់ផ្តើមសួរសំណួរនេះ)។
 • កុំរៀបរឹករហូតដល់មិនហ៊ាននិយាយអ្វី ក្នុងបទសម្ភាសន៍សោះនោះ។
 • នេះ វាជាឱកាសរបស់អ្នក ដើម្បីបង្ហាញ ឬបង្អួតចំណដឹង និងសមត្ថភាពរបស់អ្នកហើយ។
 • កុំនិយាយដោយអន្ទះសាពេក លឿនពេក យឺតពេក ឬខ្លាំង ឬតិចតិចពេកឲ្យសោះ។
 • ចម្លើយរបស់អ្នក គួរតែជាក់លាក់បំផុត តាមដែលអាចធ្វើបាន។
 • កុំឆ្លើយជាមួយ “ហេតុអ្វីបានជាត្រូវការងារនេះ” ផ្ទុយទៅវិញ អ្នកគួតែឆ្លើយថា ហេតុអ្វីការងារនេះ ត្រូវនឹងសមត្ថភាព ឬលក្ខណៈសម្បត្តិរបស់អ្នកវិញ។

៣. តើអ្វីជាចំណុចខ្លាំងបំផុតរបស់អ្នក? (What Is Your Greatest Strength?)

នេះជាសំណួរ សួរត្រង់ៗតែម្តងអំពីចំណុចខ្លាំងរបស់អ្នក ដែលអ្នកត្រូវតែឆ្លើយឲ្យបានល្អបំផុត ព្រោះអ្នកសម្ភាសន៍ នឹងផ្តល់តម្លៃ និងការយកចិត្តទុកដាក់យ៉ាងពិសេស លើចម្លើយរបស់អ្នក។

           របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • នេះជាឱកាសមួយដ៏ល្អសម្រាប់អ្នក ដែលអ្នកត្រូវបង្ហាញ អំពី ភាពខ្លាំងរបស់ខ្លួន ទៅដល់អ្នកសម្ភាសន៍។ សំណួរនេះ អនុញ្ញាតឱ្យអ្នកដឹកនាំបទសំភាសន៍ ទៅណាអ្នកចង់ឱ្យវាទៅ។ វាជាឱកាសមួយ ដែលអ្នកត្រូវរៀបរាប់រឿង ឬកិច្ចការដែលអ្នកធ្វើបានជោគជ័យ ទៅប្រាប់ដល់អ្នកសម្ភាសន៍។ ដូច្នេះ អ្នកត្រូវទាញយកប្រយោជន៍ ពីឱកាសនេះឲ្យបាន!
 • បន្លិចចំណុចខ្លាំងសំខាន់ៗរបស់អ្នក ដែលជាប់ពាក់ព័ន្ធទៅនឹងមុខដំណែងដែលអ្នកដាក់ពាក្យសុំបម្រើការងារ ប្រាបើទៅអ្នកសម្ភាសន៍។
 • អ្នកត្រូវចេះសែ្វងរកព័តឥមាន របស់ក្រុមហ៊ុន ឬស្វែងយល់អំពីព័ត៌មាននៅក្នុង ការពិពណ៌នាការងារ (Job Description) ដែលក្រុមហ៊ុននោះ បានបង្ហាញចំនុចខ្លាំងរបស់ខ្លួន ហើយអ្នកត្រូវបង្ហាញចំណុចខ្លាំងរបស់អ្នក ដែលជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុននោះ។

           អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖

 • កុំបង្ហាញការអះអាងថា អ្នកមិនអាចផ្តល់ឧទាហរណ៍ ឬជាការពិតនាន អំពីចំណុចខ្លាំងរបស់អ្នក។
 • កុំស្ងប់ស្ងាត់ ឬអៀនប្រៀបពេក ប៉ុន្តែក៏មិនសម្តែងថាខ្លួនឯង ជាវិរៈនារី ឬ វិរៈបុរសដែរ។
 • កុំប្រាប់អ្នកសម្ភាសន៍ លើចំណុចខ្លាំងណា ដែលមិនពាក់ព័ន្ធទៅនឹងការងារនោះ។

៤. តើអ្វីជាចំណុចខ្សោយបំផុតរបស់អ្នក? What Is Your Greatest Weakness?

មនុស្សគ្រប់រូប មានចំណុចខ្សោយរាងៗខ្លួន។ អ្នកអាចបង្ហាញពី ចំណុចខ្សោយ ណាក៏ដោយដែល មិនប៉ះបាល់ដល់ការងារ នោះពុំមានអ្វីទាស់ខុសឡើយ។ ចូរកុំព្យាយាម មិនឆ្លើយនូវសំណួរនេះ។

           របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • បង្ហាញថាអ្នកបានដឹង អំពីភាពទន់ខ្សោយរបស់អ្នក និងអ្វីដែលអ្នកបានធ្វើ ដើម្បីដោះស្រាយបញ្ហានោះ។
 • បង្ហាញថាអ្នក “ស្គាល់ពីចំណុចខ្សោយរបស់ខ្លួន ដោយខ្លួនឯង” ហើយ អ្នកមានសមត្ថភាព ក្នុងការចាត់វិធានការ ដើម្បីកែលម្អខ្លួនឯង។

           អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖

 • កុំឆ្លើយថា ខ្ញុំចេះអស់ ហើយគ្មានចំណុចខ្សោយ ឲ្យសោះ។
 • កុំបង្ហាញពីចំណុចខ្សោយ ដែលពាក់ព័ន្ធនឹងសមត្ថភាពស្នូល នៃការងារនេះឲ្យសោះ។

. ហេតុអ្វីបានជាអ្នកចង់បំរើការងារ ឲ្យស្ថាប័នរបស់យើង? Why Do You Want To Work For Us?

អ្នកសម្ភាសន៍ ចង់ដឹងថា តើកក្តាមូលដ្ឋានអ្វីខ្លះ ដែលជម្រុញឲ្យ អ្នកចង់បានការងារនេះ? តើអ្នកចង់ បានការងារនៅទីនេះ គឺគ្រាន់តែចង់បានប្រាក់ខែ ឬចង់អភិវឌ្ឍខ្លួន ឲ្យក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុមហ៊ុននេះ និងចង់ធ្វើឲ្យក្រុមហ៊ុនមានភាពរីកចម្រើន ទៅមុខទៀត? អ្នកត្រូវបង្ហាញពួកគេថាអ្នកចង់ក្លាយជា ផ្នែកមួយនៃក្រុមគ្រួសារ” របស់ក្រុមហ៊ុន ឬស្ថាប័នេះ។   

           របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • អ្នកគួរនិយាយ អំពី រឿង ឬកិច្ចការជាក់លាក់ណាមួយ ដែលអ្នកចូលចិត្តអំពីក្រុមហ៊ុននេះ។ អ្នកគួរស្វែងរកថា តើក្រុមហ៊ុនតម្រូវការអ្វី ហើយកំពុងមានតម្រូវការអ្វីខ្លះ? ពេលអ្នកដឹងចម្លើយហើយ នោះអ្នអាចបង្ហាញអំពី អ្វីដែលអ្នកមានក្នុង “ការបំពេញតម្រូវការទាំងនោះ”។
 • អ្នកត្រូវបង្ហាញថា អ្នកមានសមត្ថភាពបំពេញបន្ថែម លើចំណុចខ្វះខាតរបស់ក្រុមហ៊ុន ឬស្ថាប័ននេះ។
 • អ្នកត្រូវបង្ហាញពីចំណុចខ្លាំង របស់អ្នកឲ្យបានល្អ ស្របទៅនឹងមុខតំណែង និងវប្បធម៍របស់ក្រុមហ៊ុន។

           អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖

 • កុំបញ្ចេញអាកប្បកិរិយាថា អ្នកត្រូវការការងារនោះ ក្នុងរយៈពេលខ្លី ព្រោះអ្នកនឹងរកការងារថ្មីឲ្យសោះ។
 • កុំនិយាយថា “ដោយសារតែខ្ញុំត្រូវការប្រាក់»។

. ហេតុអ្វីបានជាអ្នក ចាកចេញពីការងារ ចុងក្រោយរបស់អ្នក? Why Did You Leave Your Last Job?

សំណួរនេះពិតជាអាច ធ្វើឲ្យអ្នកស្វែងរកការងារជាច្រើន មានភាពភ័យស្លន់ស្លោរពិបាកឆ្លើយ។ ប្រសិនបើអ្នក ត្រូវបានគេបណ្តេញចេញ ពីការងារចុងក្រោយ អ្នកត្រូវប្រឌិតរឿងវិជ្ជមានឡើង ហើយបង្ហាញអ្វីដែលអ្នកបានរៀនពីបទពិសោធន៍នេះ និងដំណោះស្រាយលើបញ្ហាទាំងនោះទៅ។
ប្រសិនបើអ្នកបានចាកចេញ ដោយស្ម័គ្រចិត្ត អ្នកត្រូវប្រាកដថា អ្នកត្រូវពន្យល់ពីមូលហេតុ ថាហេតុអ្វីបានជាអ្នក ចាកចេញពីការងារនោះ។

            របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • បើអ្នកចាកចេញពីការងារ ដោយស្ម័គ្រចិត្ត ដើម្បីស្វែងរក និងពង្រឹងសមត្ថភាពការងារ និងវិជ្ជាជីវៈរបស់ខ្លួន អ្នករៀបរាប់ប្រកបដោយសុទិដ្ឋនិយមបំផុត។
 • ពាក្យដូចជា “ការកាត់បន្ថយបុគ្គលិក” និង “ការកាត់បន្ថយថវិកា” និង “សេដ្ឋកិច្ចមានស្ថានភាពអាក្រក់” គឺអ្នកជាប្រើប្រាស់បាន ប្រសិនបើអ្នក អាចផ្តល់ហេតុផលល្អ ទៅកាន់អ្នកសម្ភាសន៍ អំពីការចាកចេញពីការងារ។
 • អ្នកក៏អាចប្រាប់ថា ដោយសារចប់គម្រោង ឬចប់កុងត្រា ដូច្នេះ អ្នកត្រូវស្វែងរកការងារថ្មី។

           អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖

 • កុំឆ្លើយថា ដោយសារប្រធាន ឬក្រុមការងារ ឬស្ថាប័នមិនល្អឲ្យសោះ។
 • កុំនិយាយថា “វាជាពេលវេលាសម្រាប់ការផ្លាស់ប្តូរអាជីពរបស់ខ្ញុំហើយ ហើយខ្ញុំចង់ស្វែងរកការងាថ្មី ខ្ញុំមិនចង់ធ្វើការងារដដែលៗឡើយ។
 • កុំនិយាយកុហក ប្រសិនបើអ្នកត្រូវបានគេបណ្តេញចេញពីការងារ។

៧. តើអ្វីជាសមទ្ធិផលធំបំផុតរបស់អ្នក? What Is Your Greatest Accomplishment?

សំណួរនេះ គឺស្រដៀងគ្នាទៅនឹងសំណួរថា “តើអ្វីជាចំណុចខ្លាំងបំផុតរបស់អ្នក?” ដែរ អ្នកក៏អាចឆ្លើយ ស្រដៀងគ្នាទៅនឹងចម្លើយ ដែលអ្នកបានឆ្លើយ។ អ្នកត្រូវឆ្លើយយ៉ាងណាក៏ដោយ តែកុំភ្លេងពន្យល់គេថា អ្នកមានគុណភាពនៃសមត្ថិភាព ជំនាញ និងបទពិសោធន៍គ្រប់គ្រាន់សម្រាប់ស្ថាប័ននោះ។ អ្នកជាជ្រើសរើស ចំណុចខ្លាំងជាច្រើនមកប្រាប់គណៈកម្មការសម្ភាសន៍ តែសូមចងចាំថា អ្នកត្រូវតែជ្រើសរើសចំណុចខ្លាំងណា ដែលផ្តល់ផលប្រយោជន៍ ដល់ស្ថាប័ននោះបំផុត។

 • ត្រូវនិយាយអំពីសមទ្ធិផលណា ដែលបង្ហាញអំពីអ្នក និងមុខតំណែង ថាអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើការងារក្នុងមុខតំណែងនោះ។
 • ចូរព្យាយាមបង្ហាញពី ចំណង់ចំណូលចិត្ត នៅពេលដែលអ្នកនិយាយា អំពី សមទ្ធិផលរបស់អ្នក។
 • អ្នកអាចបង្ហាញពីការធ្វើការងារជាក្រុម ហើយសម្រេចបានលទ្ធិផលអ្វីមួយ។

៨. រៀបរាប់ពីស្ថានភាព ការងារលំបាកមួយ និងអ្វីដែលអ្នកបានធ្វើ ហើយដោះស្រាយវាយ៉ាងម៉េច … Describe A Difficult Work Situation And What You Did To Overcome It…

នេះគឺជា សំណួរសំភាសន៍មួយក្នុងចំណោម សំណួរជាច្រើន ដែលមានស្មុគស្មាញ និងពិបាកឆ្លើយ ដែលគេតែងតែសួរ។ អ្នកត្រូវមាន “រឿងដែលអ្នកដោះស្រាយបានជោគជ័យ” ណាមួយ ហើយត្រៀមវាជាស្រេច សម្រាប់បទសម្ភាសន៍នេះ។ រៀបរាប់ពីបញ្ហា ដែលអ្នកបានដោះស្រាយ ដោយជោគជ័យ។

            របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • ជ្រើសយកឧទាហរណ៍មួយ ដែលបង្ហាញអ្នកនូវ ការដោះស្រាយបញ្ហាមួយ ដែលអាចកើតឡើង នៅក្នុងក្រុមហ៊ុនថ្មី ដែលអ្នកកំពុងសម្ភាសន៍នេះ។ វា ក៏បង្ហាញពីតម្លៃរបស់អ្នកផងដែរ។
 • ត្រូវលើកយកបញ្ហាជាក់លាក់ និងរៀបរាប់ឲ្យបានត្រឹមត្រូវ។
 • ប្រើយុទ្ធាសាស្រ្តនិយាយT.A.R.។ នេះ ជាវិធីសាស្រ្តដែលល្អបំផុត ដែលអ្នកអាចប្រើប្រាស់ ដើម្បីដំណាលពី ការដោះស្រាយបញ្ហាណាមួយ។ S.T.A.R មានន័យថា S (Situation)=ស្ថានភាព, T (Task)=ភារកិច្ច, A (Action)=សកម្មភាព, និង R (Result)=លទ្ធផល។ អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖
 • កុំប្រកាន់នរណាម្នាក់ នៅក្នុងរឿងជោគជ័យរបស់អ្នក (អ្នករួមការងារចៅហ្វាយ ឬអតិថិជន)។
 • កុំប្រឆាំង ឬប្រអំពើហឹង្សាក្នុងការដោះស្រាយបញ្ហា ។

. តើអ្នកចង់ក្លាយទៅជាអ្វីនៅ ៥ ឆ្នាំខាងមុខ? Where Do You See Yourself In 5 Years?

សំណួរនេះ ធ្វើឲ្យអ្នកស្វែងរកការងារ គិតថាហាក់ដូចជាសាមញ្ញ ហើយស្រួលឆ្លើយ ប៉ុន្តែនៅពេលដែលអ្នកគិត ឲ្យបានស៊ីជម្រៅថែមទៀត នោះអ្នក អ្នកនឹងមើលឃើញថា វាមានន័យពីរគឺថា អ្នកសួរចង់ដឹងថា តើអ្នកមានផែនការ សម្រាប់ជីវិតខ្លួនឯងហើយឬនៅ សម្រាប់ ៥ឆ្នាំខាងមុខ? ហើយតើអ្នកចង់នៅ បំរើការងារឲ្យស្ថានប័ន ដែលអ្នកកំពុងតែសម្ភាសន៍នេះ ឬយ៉ាងណា?

            របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • ពេលដែលអ្នកឆ្លើយនឹងសំណួរនេះ អ្នកត្រូវបង្ហាញឲ្យឃើះពី កម្រិតនៃការប្តេជ្ញាចិត្ត ឬតាំងចិត្តរបស់អ្នក ចំពោះមុខងារ ដែលអ្នកកំពុងសម្ភាសន៍។
 • បន្តាប់មក អ្នកត្រូវបង្ហាញ អំពី ការប្តេជ្ញាចិត្តរបស់អ្នក លើតួនាទីដែលអ្នកកំពុងសម្ភាសន៍ ដោយបង្ហាញពី យុទ្ធសាស្ត្ររីកចម្រើនពិតប្រាកដដែលទាក់ទងដោយផ្ទាល់ទៅនឹងតួនាទី ដែលអ្នកចង់បាន និងតម្រូវការ និងតម្លៃរបស់ស្ថាប័ននេះ។
 • អ្នកត្រូវបង្ហាញពីចំណាប់អារម្មណ៍របស់អ្នក នៅក្នុងអាជីពរយៈពេលវែង ជាមួយស្ថាប័ននេះ។

            អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖

 • កុំបង្ហាញមហិច្ឆតាថា ស្ថាប័នដែលអ្នកកំពុងសម្ភាសន៍ថា គ្រាន់តែជា “មធ្យោបាយ ឬចំណុចចាប់ផ្តើម” សម្រាប់អ្នក។ ឆ្ពោះទៅកាន់គោលដៅរបស់ខ្លួនឲ្យសោះ។ អ្នកត្រូវការ បង្ហាញពីការប្តេជ្ញាចិត្តធ្វើការឲ្យស្ថាប័ននោះ។
 • កុំនិយាយថាអ្នកចង់ក្លាយជា នាយកប្រតិបត្តិរបស់ស្ថាប័ននេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខឲ្យសោះ។
 • ហើយក៏កុំនិយាយថា “តាមពិតទៅ ខ្ញុំចង់បានដំណែងរបស់អ្នក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ”។

១០. តើអ្នកមានសំណួរអ្វីទេ? Do You Have Any Questions For Me?

ប្រមាណជា ៧៥% នៃអ្នកស្វែងរកការងារនឹងនិយាយថា “ទេ ខ្ញុំគ្មានសំណួរអ្វីទេ” ទៅនឹងសំណួរនេះ។

សំណួរនេះ ផ្តល់នូវឱកាសដ៏អស្ចារ្យដល់អ្នក ក្នុងការឈរលំដាប់ទីមួយពីហ្វូងមនុស្ស ឬបេក្ខជន ដែលមានសលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងឡាយ។ អ្នកគួរតែបង្ហាញ ពីចំណេះដឹង និងចំណង់ចំណូលចិត្តរបស់អ្នក  ចំពោះក្រុមហ៊ុន ឬអង្គការអ្នកកំពុងសម្ភាស សម្រាប់មុខដំណែងណាមួយ។ អ្នកត្រូវតែ ត្រៀមសំណួរជាស្រេច សម្រាប់កិច្ចសម្ភាសនួការងារ ឬសំណួរបែបនេះ៕

           របៀបឆ្លើយ (អ្វីដែលត្រូវធ្វើ)៖

 • ការផ្តោតសំណួររបស់អ្នក ទៅលើស្ថាប័ននេះ ថាតើអ្នកអាចធ្វើអ្វីបានខ្លះ សម្រាប់វា?
 • សួរអំពីអ្វី ដែលអ្នកបានស្រាវជ្រាវអំពីព័ត៌មានរបស់ស្ថាប័ននេះ។ វាជារឿងល្អមួយ បើអ្នកសួរសំណួរបែបនេះ ព្រោះវានឹងបង្ហាញ អំពីចំណង់ចំណូលចិត្ត និងចំណេះដឹងរបស់អ្នក អំពីរបស់ក្រុមហ៊ុនេះ។
 • សួរថា បើមានហេតុផលណា ដែលអាចធ្វើឲ្យគណៈកម្មការសម្ភាសន៍ សម្រេចចិត្តមិនជ្រើរើសយកអ្នក ដូច្នេះ អ្នកអាច គិតគូររកវិធីដោះស្រាយបាន។

           អ្វីដែលមិនគួរឆ្លើយ ឬធ្វើ៖

 • កុំនិយាយថា «ទេ ខ្ញុំគិតថាខ្ញុំគ្មានសំណួរអ្វីទេ»។ ចូរចងចាំថា អ្នកត្រូវត្រៀមសំណួរ សម្រាប់ឆ្លើយនឹងសំណួរនេះជានិច្ច។
 • កុំផ្តោតសំណួររបស់អ្នកនៅលើខ្លួនឯង ហើយទាមទា ឬចង់បានអ្វីពីអ្នកសម្មភាសន៍ឲ្យសោះ។ ឧទាហរណ៍៖ កុំសួរសំណួរ រកចម្លើយណា ដែលអ្នកអាចរកឃើញចម្លើយបានយ៉ាងងាយស្រួលឲ្យសោះ។ កុំសួរអំពី  ថ្ងៃឈប់សម្រាកនិងអត្ថប្រយោជន៍ លឿនពេកនៅក្នុងដំណើរការសម្ភាសន៍នេះ។

អត្ថបទ៖ ត្រូវប៉ាន់ ដោយ៖ មី សុវណ្ណ

 

Comments 0

Your email address will not be published. Required fields are marked *

សំណួរ និងរបៀបឆ្លើយ សម្រាប់សម្ភាសន៍ការងារ! អ្នកត្រូវតែដឹង!

ចូលប្រើ

ក្លាយជាសមាជិកត្រូវប៉ាន់!

Captcha!

លេខកូដថ្មី

Choose A Format
Personality quiz
Trivia quiz
Poll
Story
List
Meme