អចលនទ្រព្យរបស់អ្នក គឺអាចផ្តល់អត្ថប្រយោជន៍ ក្នុងការបង្កើនប្រាក់ចំណូលបាន អ្នកអាចជួលអចលនទ្រព្យនោះឲ្យអ្នកដទៃ ឬលក់ចេញ ដើម្បីទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុ។ អ្នកអាចបង្កើនចំណូលតាមរយៈការទិញអចលទ្រព្យមួយ ឬច្រើនកន្លែងដោយផ្ទាល់ ឬមានការចូលហ៊ុនក្នុងការទិញ រួចអ្នកអាចជួលដើម្បីទទួលបានចំណូលប្រចាំខែ ឬលក់ចេញអចលទ្រព្យទាំងនោះបាន។

ភាគច្រើននៃភ្នាក់ងារអចលនទ្រព្យ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ តែងតែផ្តោតភ្នែកសម្លឹងទៅលើប្រភេទអចលនទ្រព្យបីប្រភេទដើម្បីឲ្យដំណើរការវិនិយោគរបស់អ្នក និងដើម្បីកាត់បន្ថយហានិភ័យ ក្នុងការទិញលក់អចលនទ្រព្យ អ្នកប្រហែលជាត្រូវធ្វើការផ្តោត និងសិក្សាលម្អិត ទៅលើប្រភេទនៃអចលនទ្រព្យមួយ ឬពីរឲ្យបានច្បាស់ និងតម្លៃព្រមទាំងការប្រមើលមើល អំពីទីផ្សារនាពេលអនាគត។ តាមរយៈនេះ ជាទូទៅអចលនទ្រព្យត្រូវបានគេចែកជាបីប្រភេទ៖

១. ដីទំនេរ (Vacant Land)

ជាឧទាហរណ៍កសិកម្ម ឬដីចម្ការជាដើម។ កម្ពុជាជាប្រទេសកសិកម្ម ដូច្នេះដីកសិកម្មគឺមានសារៈសំខាន់ចំពោះប្រជាកសិករ ការសិក្សាលម្អិតថា ប្រភេទដីសម្រាប់ដាំដំណាំប្រភេទណា គឺមានសារៈសំខាន់សម្រាប់អ្នកវិនិយោគ។

២. អចលនទ្រព្យសម្រាប់លំនៅដ្ឋាន (Residential Properties)

រួមមានខុនដូ ផ្ទះល្វែង ផ្ទះវីឡា ផ្ទះដីឡូត៍ ផ្ទះសម្រាប់វិស្សមកាលជាដើម។ អចលនទ្រព្យប្រភេទនេះគឺ មិនអាចយកមកប្រកបអាជីវកម្មបានទេ។ ការវិនិយោគទៅលើអចលនទ្រព្យប្រភេទនេះគឺ មានលំនឹងជាងអចលនទ្រព្យដែលមានលក្ខណៈពាណិជ្ជកម្ម (Commercial Properties) ព្រោះថាទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ មិនថាទោះបីជា កំពុងធ្លាក់ទៅក្នុង ស្ថានភាពវិបត្តិហិរញ្ញវត្ថុពិភពលោកក្តី ក៏មនុស្សត្រូវការទីកន្លែងជម្រកមួយសម្រាប់រស់នៅដែរ។ ទន្ទឹមនឹងហានិភ័យតិចជាងការវិនិយោគលើអចលនទ្រព្យ ដែលមានលក្ខណៈពាណិជ្ជកម្មចំណូលដែលទទួលបាន ក៏មានលក្ខណៈតិចជាងផងដែរ។ នៅពេលអ្នកចង់ទិញប្រភេទអចលនទ្រព្យប្រភេទនេះ ទីតាំង គឺជាកត្តាចម្បងក្នុងការពិចារណា ពីព្រោះថា ទីតាំងល្អនោះអនាគតនៃអចលនទ្រព្យនេះនឹងកាន់តែមានសក្តានុពល។ ម៉្យាងទៀតការជួសជុលនានា (ប្រសិនបើចាំបាច់) និងជួយឲ្យទ្រព្យរបស់អ្នកកាន់តែមានតម្លៃ។

អចលនទ្រព្យ ដែលមានលក្ខណៈពាណិជ្ជកម្ម (Commercial Properties )

រួមមានបីប្រភេទធំៗអាចជាដី ដែលសម្រាប់យកមកប្រើប្រាស់ សម្រាប់ផលប្រយោជន៍ពាណិជ្ជកម្ម ឬក៏អាចជាអគារពាណិជ្ជកម្មជាដើម។ អចលនទ្រព្យ ដែលមានលក្ខណៈពាណិជ្ជកម្ម អាចមានសក្តានុពលខ្លាំងគឺ អាស្រ័យទៅលើ៖ ទីតាំងការអភិវឌ្ឍ និងការជួសជុលធ្វើឲ្យកាន់តែប្រសើរឡើង។ ការជួលអចលនទ្រព្យប្រភេទនេះក្នុងគោលបំណងបង្កើនប្រាក់ចំណូល គឺមានហានិភ័យខ្ពស់ជាង។ ឧទាហរណ៍ការជួលឲ្យក្រុមហ៊ុនណាមួយក្នុងគោលបំណងពាណិជ្ជកម្ម ម្ចាស់អចលនទ្រព្យមិនត្រឹមតែ ពឹងផ្អែកទៅលើស្ថានភាពសុខភាព នៃអាជីវកម្មរបស់អ្នកជួលប៉ុណ្ណោះទេ តែពួកគាត់ត្រូវព្រួយបារម្ភ អំពីស្ថានភាពសេដ្ឋកិច្ចផងដែរ ដោយសារស្ថានការពាណិជ្ជកម្ម គឺវាដើរនៅពេល ដែលសេដ្ឋកិច្ចជាតិដើរទៅមុខដោយរលូន។ ជាងនេះទៅទៀត តម្លៃទិញអចលនទ្រព្យដែលមានលក្ខណៈពាណិជ្ជកម្មគឺ ខ្ពស់ជាងអចលនទ្រព្យសម្រាប់លំនៅដ្ឋាន ជាមួយតម្លៃនឹងការជួសជុល និងថែរក្សាធំៗគឺមានលក្ខណៈខ្ពស់ជាងផងដែរ។

យោងតាមការវិភាគវែកញែករបស់ទស្សនាវដី្ត Property មួយរបស់ប្រទេសអូស្រ្តាលី បានឲ្យដឹងថាតម្លៃដីនឹងកើនឡើងជានិច្ច (Appreciation)។ ការថយចុះតម្លៃ (Depreciation) របស់អគារ ឬផ្ទះមួយ ទោះបីអ្នកបានប្រើប្រាស់ ឬមិនបានប្រើប្រាស់ក្តី គឺអាស្រ័យទៅលើពេលវេលាអាយុកាល នៃអគារនោះដូចមនុស្សសត្វដែរ ភាពសឹករិចរិល និងត្រឡប់ក្លាយជាចាស់រហូតដល់ មានសភាពទ្រុឌទ្រោម ដែលជាហេតុធ្វើឲ្យអគារនោះ ថយចុះនៅតម្លៃដើម។ ចំណែកដី គឺផ្ទុយពីអគារ ផ្ទះ ឬសំណង់មួយពីព្រោះថា ដីមិនចេះចាស់ដូចមនុស្សទេ ដូច្នេះហើយនៅពេលដែលតម្រូវការកាន់តែច្រើនតម្លៃដីកាន់តែថ្លៃ។ ទន្ទឹមនឹងការបង្កើនប្រាក់ចំណូលបានតាមរយៈការវិនិយោគលើវិស័យអចលនទ្រព្យ វាក៏បានពាំនាំនូវគុណវិបត្តិមួយចំនួន ផងដែរដូចជា៖

. ចំណាយច្រើនក្នុងការទិញលក់ និងប្រតិបត្តិការស្តីពីចំណាយបង្កប់ផ្សេងទៀត ដែលអ្នកមិនដឹងនៅពេលទិញលក់ អចលនទ្រព្យថ្មីរួមមាន៖ ថ្លៃសេវាមេធាវី ពន្ធ ការបង់ការប្រាក់ ការជួសជុល និងការថែរក្សាផ្សេងៗជាដើម។

. តម្រូវឲ្យមានការគ្រប់គ្រងល្អជាប្រចាំ ប្រសិនបើអ្នកជួលអចលនទ្រព្យ ចេញពេលនោះអ្នកគឺ៖ ត្រូវការគ្រប់គ្រងថែរក្សា និងជួសជុលឲ្យបានល្អជាប្រចាំ និងដើម្បីអាចថែរក្សាតម្លៃ នៃអចលនទ្រព្យនោះក្នុងរយៈពេលវែង។

. មានការលំបាកក្នុងការជាវ៖ ជាធម្មតាអ្នកវិនិយោគ គឺមានផលវិបាកនៅពេល ដែលអ្នកចង់បានអចលនទ្រព្យច្រើនដែលមាន ទីតាំងខុសគ្នាការគាំពារ និងថែរក្សាក៏វាមិនងាយស្រួលផងដែរ។ ជាងនេះទៅទៀត ប្រសិនបើអ្នកទិញដីដែលមានជាប់បន្ទុកដូចជា បញ្ចាំ ឬហ៊ីប៉ូតែក ឬមានជាប់ក្តីក្តាំងនៅតុលាការជាដើម ពេលនោះអ្នកប្រហែលជាត្រូវពើបប្រទះបញ្ហាយ៉ាងច្រើន អ្នកអាចនឹងខាតបង់ប្រាក់កាស បាតបង់អចលនវត្ថុនោះតែម្តង។

. ការជួលចេញ៖ សួរថាតើលើទីផ្សារមានតម្រូវការប៉ុនណា ហើយតើការផ្គត់ផ្គង់មានចំនួនប៉ុន្មានដែរ? យើងសិក្សាលម្អិតអំពីទីផ្សារនេះឲ្យបានច្បាស់លាស់ ប្រសិនបើអ្នកវិនិយោគមានបំណង ក្នុងការទិញអចលនទ្រព្យ ដើម្បីជួលចេញវិញ៕

តើអ្នកដឹងទេចំនួនមនុស្ស កើតមានការកើនឡើងជារៀងរាល់ថ្ងៃ តែដីមិនអាចកើត ឬដាំបន្ថែមទៀតទេ។ ដូច្នេះដីគឺជាអ្វីដែលមានតម្លៃបំផុត។ ការវិនិយោគលើវិស័យអចលនទ្រព្យអាច ឲ្យអ្នកទទួលបានផលជាទីគាប់ចិត្ត ប្រសិនបើអ្នក បានសិក្សាអំពីវាច្បាស់លាស់ និងដឹងអំពីតិនិចមួយចំនួន ក្នុងការវិនិយោគ។