កំណាព្យ ទី៣៩ (Poem 39)៖ សម្រស់ទឹកឈូរ
(បទពាក្យ៤ កាកគតិ)
**********************
សម្រស់ទឹកឈូ ដូចផ្ទាំងគំនូរ ល្អគ្មានគូរប្រៀប
នៅខេត្តកំពត ជំុព័ទ្ធទេសភាព ព្រៃភ្នំតម្រៀប
តាមព្រែកកំពត។
ចេញពីភ្នំពេញ ទស្សនាទឹកចេញ ហួសផ្សារកំពត
ក្បែរភ្នំបូកគោ ជំនោរចំណត បត់ស្តាំខាងផត
ជិត១០គីឡូ(1)។
សំដៅរកជ្រោះ ទឹកចេញហូរច្រោះ បញ្ចេញស័ព្ទសូរ
ដើមឈើដុះអប ច្រាំងប្របទឹកហូរ សម្លេងឆរឈូ
ដូចតូរតន្ត្រី។
សម្លឹងទៅឆ្ងាយ មើលនាយមើលអាយ ជ្រលងគីវី
ចំការធុរេន គូលេនផ្កាផ្ញីរ ពាសពេញធរណី
ម្រេចសាវម៉ាវភ្ញៀវ។
នៅឯជើងភ្នំ វាលស្មៅត្រសុំ សត្វស្រែកកញ្ជៀវ
ខ្លះទំដើមឈើ ខ្លះហើរគេចភ្ញៀវ ដូចអំពាវនាវ
ថែទាំទឹកដី។
ទឹកហូរសន្ធឹក ឮសូររអឹក ថ្លាឈ្វង់ឃើញត្រី
ហែលអែបក្បែរថ្ម អបអរពិសី មកលេងថ្លើមថ្លៃ
ងូតទឹកថ្លាយ៉ង។
ទឹកបែកផ្កាត្រែង ឡើងត្រជាក់ស្រេង ដូចទឹកកកបង់
ត្រាំទឹកទុកសិន រាមមិនអែរអង់ លោតចូលទឹកផ្លុង
ត្រជាក់កាយា។
ទឹកឈូរទឹកកេរ្តិ៏ ខ្មែរត្រូវរិះរេរ រួមគ្នារក្សា
សម្បត្តិធម្មជាតិ ខ្លាចឃ្លាតខេមរា បាត់ដានសាវតា
គង្គាគ្មានពីរ។
ឱ!ទេសចរណ៏អើយ អ្នកបានលេងហើយ ជួយថែព្រថពី
ទឹកឆ្លាក់ធម្មជាតិ សូមឆ្លៀតសំភី ពេលបានហូបសុី
ជួយថែបរិស្ថាន៕

ទឹកឈូរ
និពន្ធ ដោយវេជ្ជបណ្ឌិត លី ចេងហ៊ុយ
នៅថ្ងៃ 16/11/2016 (ទឹកឈូ ខេត្តកំពត)
(1) គីឡូ = គីឡូម៉ែត្រ
***********************
ដើម្បីសុខភាព www.HealthCambodia.com
បើពេញចិត្ត សូមចុច Share និង Like ផង !!!